ផ្កាយដុះកន្ទុយជិតមកដល់ភពផែនដីយើងហើយ! ថ្ងៃទី ១៩ ខែកក្កដានេះ!

Comments · 1145 Views

ផ្កាយដុះកន្ទុយជិតមកដល់ភពផែនដីយើងហើយ! ថ្ងៃទី ១៩ ខែកក្កដានេះ!

ផ្កាយដុះកន្ទុយ NEOWISE ត្រូវបានក្រុមតារាវិទូឆ្លុះរកឃើញ នៅក្នុងខែមិនា ឆ្នាំ 2020 នេះ។ វាជាផ្កាយដុះកន្ទុយដែលវិលជុំវិញព្រះអាទិត្យក្នុងគន្លងជាប៉ារ៉ាបូល វិលបានមួយជុំព្រះអាទិត្យក្នុងរយៈពេល 7000 ឆ្នាំម្ដង។ ឥឡូវនេះ ផ្កាយដុះកន្ទុយ NEOWISE បានហោះមកជិតផែនដីក្នុងចម្ងាយប្រមាណ 250លានគីឡូម៉ែត្រ ដែលវាជិតល្មមដែលអាចមើលឃើញដោយភ្នែកទទេនាពេលល្ងាចក្រោយព្រះអាទិត្យលិច និងមើលឃើញច្បាស់បំផុតអំឡុងម៉ោង ៧ ដល់ ម៉ោង ៩ នាពេលរាត្រី។ គេអាចមើលឃើញផ្កាយដុះកន្ទុយនេះនៅទិសខាងជើងឈាងខាងលិច ភាគពាយព្យ។


ផ្កាយដុះកន្ទុយ NEOWISE ត្រូវបានគេកត់សំគាល់ថាជាផ្កាយដុះកន្ទុយមួយដែលអាចមើលឃើញភ្លឺបំផុតនៅអឌ្ឍគោលខាងជើង ចាប់តាំងពីផ្កាយដុះកន្ទុយ Hale Bopp ដែលធ្លាប់កើតឡើងក្នុងឆ្នាំ ១៩៩៧ ។ នៅលើមេឃងងឹត យើងអាចមើលឃើញយ៉ាងច្បាស់ដោយភ្នែកទទេ ហើយត្រូវបានគេរំពឹងថា នឹងនៅតែអាចមើលឃើញដោយភ្នែកទទេ នៅស្ទើរតែពេញខែកក្កដាឆ្នាំ ២០២០។

តើផ្កាយដុះកន្ទុយជាអ្វី?


នៅក្នុងប្រព័ន្ធព្រះអាទិត្យសម្បូរទៅដោយបាតុភូត និងសកម្មភាពជាច្រើនណាស់អាថ៌កំបាំង ដែលមនុស្សមិនដែលបានដឹង។ ផ្កាយដុះកន្ទុយ៖ គឺជាវត្ថុអវកាសតូចមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ដែលវាត្រូវបានគេហៅបែបនេះ ក៏ព្រោះនៅពេលវាធ្វើដំណើរកៀកនឹងព្រះអាទិត្យ កម្តៅព្រះអាទិត្យបានជះឥទ្ធិពលខ្លាំងលើតួរបស់វា ធ្វើវាឡើងកម្តៅ និងហើយបំភាយឧស្ម័នចេញពីខ្លួនវា អូសយ៉ាងវែងអន្លាយនៅក្នុងទីអវកាសតែម្តង។


ប្រការហេតុខាងលើនេះ ធ្វើឲ្យយើងមើលឃើញកន្ទុយសៗ នៅក្រោយដុំថ្មនោះ ដែលជាបំភាយនៃឧស្ម័នដោយពន្លឺព្រះអាទិត្យ ទើបវាត្រូវបានឲ្យឈ្មោះថា ផ្កាយដុះកន្ទុយ។ សម្រាប់ទំហំនៃផ្កាយដុះកន្ទុយ គឺអាស្រ័យទៅថា តើវាទៅជិតព្រះអាទិត្យកម្រិតណា ដែលផ្កាយដុះកន្ទុយខ្លះ អាចរំសាយឧស្ម័នរហូតដល់ទៅប្រវែង ៨០,០០០គីឡូម៉ែត្រឯណោះ។
វាគឺជាបាតុភូតធម្មជាតិមួយដែលមនុស្សភាគច្រើនចាប់អារម្មណ៍សិក្សា និងកត់ត្រាអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ។ ក្នុងពេលបច្ចុប្បន្ន ស្ថាប័នអវកាសជាច្រើនដូចជា NASA របស់អាមេរិក និង ESA របស់អឺរ៉ុបបានសិក្សាពីផ្កាយដុះកន្ទុយយ៉ាងហ្មត់ចត់។ ក្នុងឆ្នាំ២០១៥ យានអវកាស Rosetta របស់ស្ថាប័នអវកាសអ៊ឺរ៉ុបបានសិក្សានិងចុះចតលើផ្កាយដុះកន្ទុយដែលមានឈ្មោះថា 67P ទៀតផង។


យោងតាមគេហទំព័ររបស់អង្គការ NASA ផ្កាយដុះកន្ទុយ ឬភាសាអង់គ្លេសហៅថា «Comet» មិនមែនជាផ្កាយនោះទេ។ ផ្ទុយទៅវិញ ផ្កាយដុះកន្ទុយជាដុំទឹកកកកខ្វក់ សេសសល់ពីកំណកំណើតរបស់ប្រព័ន្ធព្រះអាទិត្យកាលពីជាងបួនពាន់លានឆ្នាំមុន។
ពាក្យ«កខ្វក់»ខាងលើគឺចង់សំដៅថា ផ្កាយដុះកន្ទុយផ្សំពីសារធាតុសរីរាង្គច្រើនប្រភេទដែលមិនច្បាស់លាស់។ 
ផ្កាយដុះកន្ទុយនៅក្នុងអបិយជំនឿ


នៅក្នុងជំនឿសម័យបុរាណរបស់ជាតិសាសន៍មួយចំនួន ផ្កាយដុះកន្ទុយ ត្រូវបានគេចាត់ទុកថាជាសញ្ញានៃការមកដល់ គ្រោះចង្រៃណាមួយ ឯជំនឿរបស់ជាតិសាសន៍មួយភាគធំផ្សេងទៀត គិតថាផ្កាយដុះកន្ទុយជានិមិត្តសញ្ញា អំណោយប្រទានមកពីឋានសួគ៌ទៅវិញ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាជំនឿអរូបបិយតែប៉ុណ្ណោះ ព្រោះអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញផ្កាយដុយកន្ទុយរាប់ពាន់លើមេឃឯណោះ គ្រាន់តែពេលផ្កាយដុះកន្ទុយទាំងនេះនៅឆ្ងាយ យើងមិនអាចមើលឃើញតែប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៥ យានអវកាសរបស់ NASA បានចុះចតលើផ្កាយដុះកន្ទុយឈ្មោះ 67P ដើម្បីសិក្សាអំពីធាតុផ្សំក៏ដូចសារជាតិគីមីរបស់ផ្កាយដុះកន្ទុយមួយនេះ។


គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជាយើង ក៏អាចមើលឃើញផ្កាយដុះកន្ទុយ NEOWISE នេះដែរ ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ។


រាយការណ៍ដោយ សុខសាន្ត

 

Comments